Luke 12

ការ​ព្រមាន​អំពីពុតត្បុត​ខាង​​ជំនឿ​

1ពេលបណ្ដាជនរាប់ពាន់នាក់​បាន​ប្រជុំគ្នាស្ទើរតែជាន់គ្នា​ព្រះអង្គ​ចាប់ផ្ដើមមានបន្ទូលទៅ​ពួក​សិស្ស​របស់​ព្រះអង្គជាមុនថា៖ ​«ចូរ​ប្រុងប្រយ័ត្ននឹងមេនំប៉័ងរបស់​ពួក​អ្នកខាងគណៈផារិស៊ីដែលជាសេចក្ដីពុតត្បុត​របស់​ពួកគេ 2គ្មានការ​លាក់កំបាំងណាដែលមិន​បាន​បើកសំដែង​ឲ្យ​ឃើញ​នោះឡើយ​ហើយ​ក៏​គ្មាន​អាថ៌កំបាំង​អ្វី​ដែលមិន​បានឲ្យ​គេ​ដឹងដែរ 3ដូច្នេះអ្វីៗដែល​អ្នករាល់គ្នា​បាន​និយាយក្នុងទីងងឹត​នឹង​ត្រូវ​គេ​នៅទីភ្លឺហើយអ្វីៗដែល​អ្នករាល់គ្នា​បាន​ខ្សឹបនៅក្នុងបន្ទប់ស្ងាត់​នឹង​ត្រូវ​ប្រកាសនៅលើដំបូលផ្ទះ

ចូរ​កោត​ខ្លាច​ព្រះជាម្ចាស់

4សម្លាញ់​របស់​ខ្ញុំ​អើយ! ​ខ្ញុំ​ប្រាប់អ្នករាល់គ្នាថា​ចូរ​កុំខ្លាចអ្នកដែលសម្លាប់បាន​តែ​រូបកាយហើយក្រោយពីនោះមកមិនអាចធ្វើអ្វីកើតទៀត 5ប៉ុន្ដែខ្ញុំ​នឹង​បង្ហាញ​ដល់​អ្នករាល់គ្នា​ថា​អ្នក​ណា​ដែល​អ្នករាល់គ្នា​គួរ​ខ្លាច​គឺ​ត្រូវ​ខ្លាចព្រះ​មួយអង្គ​ដែលមានសិទ្ធិអំណាចសម្លាប់​និង​ក្រោយមកបោះចូលទៅក្នុងស្ថាននរកមែនហើយ​ខ្ញុំ​ប្រាប់អ្នករាល់គ្នាថា​ចូរ​ខ្លាច​ព្រះ​មួយអង្គ​នេះចុះ! 6តើចាបប្រាំមិនមែន​ថ្លៃ​ពីរសេនទេ? ​ប៉ុន្ដែគ្មាន​ចាប​ណាមួយ​ដែល​ព្រះជាម្ចាស់មើលរំលងឡើយ 7ហើយសូម្បីតែសក់ក្បាល​របស់​អ្នករាល់គ្នាក៏​ព្រះអង្គ​ដឹងចំនួនទាំងអស់ដែរ​ដូច្នេះ​ចូរកុំខ្លាចអី​ដ្បិត​អ្នករាល់គ្នា​មានតម្លៃលើសចាបទៅទៀត 8ខ្ញុំប្រាប់អ្នករាល់គ្នាថាអ្នកណាក៏ដោយដែលទទួលស្គាល់ខ្ញុំនៅចំពោះមុខមនុស្សកូនមនុស្ស​នឹង​ទទួលស្គាល់អ្នកនោះ​វិញ​នៅចំពោះមុខ​ពួក​ទេវតា​របស់​ព្រះជាម្ចាស់ដែរ 9ហើយអ្នក​ណា​ដែលបដិសេធខ្ញុំនៅមុខមនុស្ស​អ្នកនោះ​នឹង​ត្រូវ​បដិសេធ​វិញ​នៅចំពោះមុខ​ពួក​ទេវតា​របស់​ព្រះជាម្ចាស់ 10អ្នកណាដែលពោលពាក្យទាស់នឹងកូនមនុស្ស​នោះ​អាច​លើកលែងទោស​ឲ្យបាន​តែអ្នកណាប្រមាថ​ព្រះ​វិញ្ញាណបរិសុទ្ធ​នោះ​មិន​អាច​លើកលែងទោស​ឲ្យបាន​ទេ 11ពេលពួកគេ​នាំអ្នករាល់គ្នា​ទៅ​ក្នុងសាលាប្រជុំនៅចំពោះមុខ​ពួក​អ្នកគ្រប់គ្រងនិង​ពួក​អាជ្ញាធរ​ចូរ​កុំព្រួយបារម្ភ​ថា​ត្រូវ​ឆ្លើយយ៉ាងដូចម្ដេចនិយាយអ្វី​ឡើយ 12ពីព្រោះព្រះ​វិញ្ញាណបរិសុទ្ធ​នឹង​បង្រៀនអ្នករាល់គ្នានៅពេលនោះ​អំពី​អ្វី​ដែល​ត្រូវនិយាយ»។

រឿង​អ្នកមាន​ដ៏​សែន​ល្ងង់​

13មាន​មនុស្សម្នាក់​ពីក្នុង​ចំណោមបណ្ដាជន​បាន​ទូល​ទៅ​ព្រះអង្គថា៖ ​«លោកគ្រូ​សូម​លោក​ប្រាប់បងប្រុស​របស់​ខ្ញុំ​ឲ្យ​ចែកមរតកដល់ខ្ញុំផង» 14ព្រះអង្គក៏មានបន្ទូល​ទៅ​គាត់ថា៖ ​«អ្នកអើយ! ​តើ​អ្នកណាតែងតាំងខ្ញុំ​ឲ្យ​ធ្វើ​ជា​ចៅក្រម​ជា​អាជ្ញាកណ្ដាល​របស់​ពួកអ្នក 15រួចព្រះអង្គ​ក៏​មានបន្ទូល​ទៅពួកគេថា៖ ​«ចូរ​យកចិត្ដទុកដាក់ហើយប្រុងប្រយ័ត្នចំពោះ​សេចក្ដី​លោភលន់ទាំងអស់ព្រោះជីវិត​របស់​មនុស្សមិន​ស្ថិត​លើ​ការ​មាន​ទ្រព្យសម្បត្ដិ​ដ៏​ហូរហៀរ​របស់​ខ្លួន​ទេ»។ 16ព្រះអង្គក៏មានបន្ទូល​ជា​រឿងប្រៀបប្រដូចមួយទៅពួកគេថា៖ ​«បុរស​អ្នក​មានម្នាក់​មាន​ចម្ការ​មួយ​ដែល​ឲ្យផលយ៉ាងច្រើន 17ហើយគាត់​បាន​គិតក្នុងចិត្ដថា​តើ​ខ្ញុំ​គួរ​ធ្វើយ៉ាងដូចម្ដេចព្រោះ​ខ្ញុំ​គ្មានកន្លែងទុកផល​របស់​ខ្ញុំ? 18រួចគាត់​និយាយ​ថា​ខ្ញុំ​នឹង​ធ្វើបែបនេះ​គឺ​ខ្ញុំ​នឹង​រុះជង្រុកខ្ញុំចោលហើយសង់​មួយទៀត​ធំជាង​នេះ​ខ្ញុំ​នឹង​ទុកផលស្រូវនិងរបស់ទ្រព្យទាំងអស់​របស់​ខ្ញុំនៅទីនោះ 19រួចខ្ញុំ​នឹង​ប្រាប់ជីវិត​របស់​ខ្ញុំថា​ឱ​ជីវិតអើយ! ​ឯង​មានរបស់ទ្រព្យជាច្រើនទុកសម្រាប់​រយៈពេល​ច្រើនឆ្នាំ​ចូរ​សម្រាកស៊ីផឹក​ហើយ​សប្បាយ​រីករាយ​ចុះ 20ប៉ុន្ដែព្រះជាម្ចាស់​បាន​មានបន្ទូល​ទៅ​គាត់ថា​មនុស្ស​ល្ងង់! ​នៅយប់នេះ​យើង​ដកយកជីវិត​របស់​អ្នកចេញពីអ្នក​ហើយ​ដូច្នេះ​តើ​អ្វីៗដែល​អ្នក​បាន​បម្រុងទុក​នឹង​ត្រលប់ជា​របស់​អ្នកណា? 21អ្នកណាសន្សំ​របស់ទ្រព្យ​ទុក​សម្រាប់​តែ​ខ្លួនឯងប៉ុន្ដែមិនមានខាងឯព្រះជាម្ចាស់​ក៏​ដូច្នោះដែរ»។

ព្រះយេស៊ូបង្រៀន​​កុំ​ឲ្យ​ខ្វល់ខ្វាយ​​

22បន្ទាប់មក​ព្រះអង្គ​ក៏​មានបន្ទូលទៅ​ពួក​សិស្ស​របស់​ព្រះអង្គថា៖ ​«ដូច្នេះ​ខ្ញុំ​ប្រាប់អ្នករាល់គ្នាថាកុំ​ឲ្យ​ខ្វល់ខ្វាយនឹងជីវិត​ថា​ត្រូវ​បរិភោគអ្វីរូបកាយ​ត្រូវ​ស្លៀកពាក់អ្វី​ឡើយ 23ដ្បិតជីវិតវិសេសជាងអាហាររូបកាយ​ក៏​វិសេស​ជាង​សម្លៀកបំពាក់ដែរ 24ចូរពិចារណា​ពី​សត្វក្អែកពួកវាមិន​បាន​សាបព្រោះច្រូតកាត់​ហើយ​ក៏​គ្មានឃ្លាំងជង្រុកដែរប៉ុន្ដែព្រះជាម្ចាស់ចិញ្ចឹមពួកវា​ឯ​អ្នករាល់គ្នា​វិញ​មានតម្លៃខ្លាំងណាស់លើសពួកវាទៅទៀត 25ហើយក្នុងចំណោមអ្នករាល់គ្នា​តើ​អ្នក​ដែល​ខ្វល់ខ្វាយអាចបន្ថែមកំពស់​របស់​ខ្លួន​បាន​មួយ​ហត្ថ​ដែរ​ឬទេ? 26ដូច្នេះបើ​រឿង​តូចតាចបំផុត​អ្នករាល់គ្នា​គ្មានសមត្ថភាព​ផង​ចុះ​ហេតុអ្វី​បានជា​អ្នករាល់គ្នា​ខ្វល់ខ្វាយពី​រឿង​ផ្សេងទៀត? 27ចូរពិចារណា​ពី​ផ្កាព្រៃ​តើ​ពួកវា​ដុះឡើងយ៉ាងដូចម្ដេច​ពួកវា​មិនធ្វើការត្បាញរវៃ​អ្វី​ឡើយប៉ុន្ដែ​ខ្ញុំ​ប្រាប់អ្នករាល់គ្នាថា​សូម្បីតែ​ស្ដេច​សាឡូម៉ូនដែលមានសិរីរុងរឿងគ្រប់យ៉ាង​ក៏​ស្លៀកពាក់មិនបានស្អាតដូចជា​ផ្កា​មួយទង​ក្នុងចំណោម​ផ្កា​ទាំងនេះ​ផង 28បើព្រះជាម្ចាស់តុបតែងស្មៅនៅតាមវាល​ដែល​ដុះ​នៅ​ថ្ងៃនេះហើយ​ថ្ងៃ​ស្អែក​ត្រូវ​បោះទៅក្នុងឡភ្លើងយ៉ាង​នោះ​ទៅ​ហើយ​ឱ​មនុស្ស​មាន​ជំនឿ​តិច​អើយ! ​តើ​ព្រះអង្គ​មិន​ធ្វើ​ឲ្យ​អ្នករាល់គ្នាវិសេសខ្លាំង​ជាង​នោះ​ទេ​ឬ? 29ដូច្នេះចូរ​អ្នករាល់គ្នាកុំស្វែងរក​តែ​អ្វីដែលបរិភោគ​បាន​និងផឹក​បាន​ហើយ​ចូរ​កុំខ្វល់ខ្វាយ​ឲ្យសោះ 30ដ្បិតសាសន៍​ដទៃនៅលោកិយនេះស្វែងរក​របស់​ទាំងនេះប៉ុន្ដែព្រះវរបិតារបស់អ្នករាល់គ្នាជ្រាបហើយថា​អ្នករាល់គ្នា​ត្រូវការ​របស់​ទាំងនេះ 31ប៉ុន្ដែចូរ​ស្វែងរកនគរ​របស់​ព្រះអង្គចុះនោះ​ព្រះជាម្ចាស់​នឹង​បំពេញសេចក្ដី​ត្រូវការ​ទាំងឡាយ​របស់​អ្នករាល់គ្នា 32ចូរកុំខ្លាចអីក្រុមដ៏តូចអើយ! ​ដ្បិតព្រះវរបិតា​របស់​អ្នករាល់គ្នាពេញចិត្ដប្រគល់នគរនោះ​ឲ្យ​អ្នករាល់គ្នា​ហើយ។ 33ចូរលក់ទ្រព្យសម្បត្ដិ​របស់​អ្នករាល់គ្នាហើយចែកទានចុះ​ចូរ​ធ្វើថង់ប្រាក់​ដែល​មិន​ចេះ​ចាស់​សម្រាប់​ខ្លួន​ជា​ទ្រព្យសម្បត្ដិមិនចេះអស់នៅស្ថានសួគ៌ជាកន្លែងដែលគ្មានចោរចូលមកជិតកណ្ដៀរស៊ីបំផ្លាញទេ 34ដ្បិតទ្រព្យសម្បត្ដិ​របស់​អ្នករាល់គ្នានៅកន្លែងណាចិត្ដ​របស់​អ្នករាល់គ្នាក៏នៅកន្លែងនោះដែរ

ចូរ​ប្រុង​ប្រៀប​ខ្លួន​ជាស្រេច​

35ចូរ​នៅ​ប្រុងប្រៀបខ្លួនហើយ​ឲ្យ​ចង្កៀង​របស់​អ្នករាល់គ្នា​ឆេះជានិច្ច 36គឺអ្នករាល់គ្នា​គួរបែប​ដូចជា​ពួក​មនុស្ស​កំពុង​រង់ចាំចៅហ្វាយ​របស់​ខ្លួនត្រលប់មកពីពិធីមង្គលការ​វិញ​ដើម្បីនៅពេលណា​គាត់​មកដល់ហើយគោះទ្វារ​នោះ​ពួកគេ​អាច​បើក​ជូន​គាត់បានភ្លាម 37បាវបម្រើទាំងនោះមានពរហើយ​នៅ​ពេល​ដែលចៅហ្វាយត្រលប់មកវិញ​ហើយ​ឃើញ​ពួកគេ​កំពុង​រង់ចាំ។ ​ខ្ញុំ​ប្រាប់អ្នករាល់គ្នាជាប្រាកដថា​គាត់​នឹង​រៀបចំខ្លួន​ដោយ​ឲ្យ​ពួកគេ​អង្គុយ​នៅតុហើយ​គាត់​ក៏​មកក្បែរបម្រើពួកគេវិញ 38បើគាត់​មកដល់នៅពេលកណ្ដាលអធ្រាត្រទៀបភ្លឺហើយគាត់ឃើញដូច្នេះគឺអ្នកទាំងនោះមានពរហើយ 39ប៉ុន្ដែចូរ​អ្នករាល់គ្នា​ដឹង​ការនេះ​ថាប្រសិនបើម្ចាស់ផ្ទះ​បាន​ដឹងថាចោរមកនៅម៉ោងណា​នោះ​គាត់​មុខជាមិនបណ្ដោយ​ឲ្យ​វា​គាស់ផ្ទះ​របស់​គាត់​បាន​ឡើយ 40ដូច្នេះចូរ​អ្នករាល់គ្នាប្រុងប្រៀប​យ៉ាងដូច្នេះដែរ​ព្រោះ​អ្នករាល់គ្នា​ស្មានមិនត្រូវទេ​ថា​កូនមនុស្សមកនៅពេលណា»។

ព្រះយេស៊ូបង្រៀន​អំពីរង្ចាន់​ និងទណ្ឌកម្ម​

41លោក​ពេត្រុស​ទូល​សួរ​ថា៖ ​«ព្រះអម្ចាស់អើយ! ​តើ​ព្រះអង្គ​មានបន្ទូលជារឿង​ប្រៀប​ប្រដូចនេះសម្រាប់យើងក៏សម្រាប់​មនុស្ស​ទាំងអស់ដែរ 42ព្រះអម្ចាស់មានបន្ទូល​តប​ថា៖ ​«ដូច្នេះ​តើ​អ្នកណាជាមេការ​ដ៏​ស្មោះត្រង់​ហើយ​ឆ្លាតដែលចៅហ្វាយតែងតាំង​ឲ្យ​មើល​ខុសត្រូវ​លើ​ពួក​បាវបម្រើ​របស់​គាត់​ដើម្បី​ចែកអាហារ​ឲ្យ​តាមពេលវេលា? 43មានពរហើយបាវបម្រើ​ណា​ដែលចៅហ្វាយមកដល់​ហើយ​ឃើញ​កំពុង​ធ្វើដូច្នេះ 44ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា​គាត់​នឹង​តែងតាំងអ្នកនោះ​ឲ្យ​មើល​ខុសត្រូវ​ទ្រព្យសម្បត្ដិ​របស់​គាត់ទាំងអស់ 45ប៉ុន្ដែប្រសិនបើបាវបម្រើនោះគិតនៅក្នុងចិត្ដ​ថា​ចៅហ្វាយ​របស់​អញក្រមកដល់​ណាស់​នោះ​គាត់​ក៏​ចាប់ផ្ដើមវាយបាវបម្រើ​ប្រុស​ស្រីឯទៀតៗព្រមទាំងស៊ីផឹក​ទាល់តែ​ស្រវឹង 46ចៅហ្វាយរបស់​គាត់​នឹង​មកវិញនៅថ្ងៃមួយដែល​គាត់​ស្មានមិន​ដល់​និងនៅម៉ោងដែល​គាត់​មិនដឹងទាល់តែសោះ​ចៅហ្វាយ​នឹង​កាត់គាត់ជាកង់ៗ
កាត់​​​ជា​កង់​ៗ​​ (គ្រាម​ភាសា​) មាន​ន័យ​ថា​ «ដាក់​ទោស​​យ៉ាង​ធ្ងន់​»
រួចដាក់​គាត់​រួមជាមួយ​នឹង​ពួក​អ្នកមិនជឿ
47ដូច្នេះបាវបម្រើណាដែលដឹងបំណង​របស់​ចៅហ្វាយប៉ុន្ដែមិនប្រុងប្រៀប​ខ្លួន​ជាស្រេចមិនធ្វើតាមបំណង​ចៅហ្វាយ​នោះ​នឹង​ត្រូវ​វាយច្រើនរំពាត់ 48អ្នកណា​ដែល​មិនដឹងហើយ​បាន​ធ្វើ​អ្វីមួយ​សម​នឹង​ត្រូវ​រំពាត់​នោះ​នឹង​ត្រូវ​វាយតិចតួច​ទេ​ដ្បិត​អ្នកណាដែល​គេ​ឲ្យច្រើន​នោះ​គេ​នឹង​ទារច្រើនពីអ្នកនោះ​វិញ​​អ្នកណា​ដែល​គេ​មានទំនុកចិត្ដច្រើន​នោះ​គេ​នឹង​សុំ​ពី​អ្នកនោះរឹតតែច្រើន​ដែរ។

ព្រះយេស៊ូធ្វើ​ឲ្យ​បែក​បាក់​

49ខ្ញុំ​មក​ដើម្បី​នាំភ្លើងមកផែនដី​នេះ​ហើយ​ខ្ញុំ​ចង់បាន​ណាស់​បើ​ភ្លើង​នោះ​បាន​ដុតឆេះ​រួច​ហើយ 50រីឯខ្ញុំ​វិញ​មានពិធីជ្រមុជមួយ​ដែល​ខ្ញុំ​ត្រូវ​ទទួលហើយ​ខ្ញុំ​ត្រូវ​ទទួលការឈឺចាប់​បំផុត​លុះត្រាតែ​ពិធី​នោះ​បាន​សម្រេច 51តើអ្នករាល់គ្នា​គិតថា​ខ្ញុំ​មក​ដើម្បី​នាំយកសេចក្ដីសុខសាន្ដដល់ផែនដី? ​ទេខ្ញុំ​ប្រាប់​អ្នករាល់គ្នាថាគឺ​ជា​ការបាក់បែកវិញ 52ដ្បិតចាប់ពីពេលនេះតទៅគ្រួសារមួយ​ដែល​មានគ្នា​ប្រាំនាក់នឹងបាក់បែកគ្នា​គឺ​បីនាក់ទាស់នឹងពីរនាក់ពីរនាក់ទាស់នឹងបីនាក់ 53ឪពុកនឹង​ត្រូវ​បែកបាក់ទាស់ជាមួយកូនប្រុសកូនប្រុសទាស់ជាមួយឪពុកហើយម្ដាយទាស់ជាមួយកូនស្រីកូនស្រីទាស់ជាមួយម្ដាយម្ដាយក្មេកទាស់ជាមួយកូនប្រសារស្រីកូនប្រសារស្រីទាស់ជាមួយម្ដាយក្មេក» 54រួចព្រះអង្គក៏​បាន​មានបន្ទូល​ទៅបណ្ដាជនដែរថា៖ ​«ពេលណាអ្នករាល់គ្នាឃើញពពកពូនឡើងនៅទិសខាងលិច​អ្នករាល់គ្នា​ក៏​និយាយភ្លាមថា​ជិត​ភ្លៀង​ហើយ​នោះ​ក៏​កើតឡើងដូច្នោះមែន 55ហើយពេលណា​មាន​ខ្យល់ទិសខាងត្បូងបក់មក​អ្នករាល់គ្នា​និយាយថា​អាកាស​ធាតុ​នឹងប្រែជាក្ដៅនោះ​ក៏​កើតមានមែន 56មនុស្សមានពុតអើយ! ​អ្នករាល់គ្នា​ចេះសំគាល់សណ្ឋាន​របស់​ផ្ទៃមេឃនិងផែនដីហេតុដូចម្ដេច​បានជា​អ្នករាល់គ្នា​មិនចេះសំគាល់សម័យនេះ​ដូច្នេះ? 57តើហេតុអ្វីក៏​អ្នករាល់គ្នា​មិនវិនិច្ឆ័យខ្លួនឯងផង​ពី​អ្វី​ដែលត្រឹមត្រូវ? 58ដ្បិតនៅពេល​អ្នក​នៅតាមផ្លូវជាមួយគូវិវាទ​របស់​អ្នកទៅ​ជួប​អាជ្ញាធរ​ចូរ​ខំប្រឹងដោះស្រាយជាមួយគាត់នៅតាមផ្លូវ​ចុះ​ក្រែងលោ​គេ​អូសអ្នកទៅ​ឲ្យ​ចៅក្រមចៅក្រមប្រគល់អ្នកទៅ​ឲ្យ​នគរ​បាលហើយនគរ​បាល​ក៏​បោះអ្នកទៅក្នុងគុក 59ខ្ញុំប្រាប់អ្នកថា​អ្នក​ចេញពីទីនោះមិនបានឡើយលុះត្រាតែសង​គេ​ដោយឥតខ្វះ​មួយ​ឡិបតា»។
Copyright information for KhmKCB